ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវរៀបចំ និងទុកដាក់ ចំណីអាហារ ឲ្យត្រឹមត្រូវ ដើម្បីជៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការឆ្លងជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩។

តាមសេចក្ដីជូនព័ត៌មាន នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា «ស្ថិតនៅក្នុងដំណាក់កាល ដែលមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំ និងជម្រាបជូនដល់សាធារណៈជនទាំងអស់ អំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំ និងទុកដាក់ ចំណីអាហារ ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីឱ្យបុគ្គលមានសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការឆ្លង ជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ការពុលអាហារ និងការពុលស្រា»។ 

លោកស្រី បន្ដថា បញ្ហាសុខភាពបណ្តាល មកពីចំណីអាហារ បង្កឡើងតាមរយៈការប៉ះពាល់ ការទទួលទានចំណីអាហារ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ក្នុងនោះ ក៏អាចមានវីរុស កូវីដ-១៩ ផងដែរ។ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានការសិក្សាខ្លះបានបង្ហាញថា មានវីរុសកូវីដ-១៩ អាចនៅរស់ នៅលើអាហារកកៗដរ បើទោះបីជាវីរុសកូវីដ-១៩ មិនអាចបង្កើតកូនចៅ ក្នុងចំណីអាហារបានក៏ដោយ ។ ក្នុងន័យនេះ ក្រសួងសុខាភិបាលថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ-១៩ ពីចំណីអាហារ ឬពីអាហារវេចខ្ចប់ ប្រសិនបើបានអនុវត្តវិធាន ការណ៍អនាម័យចំណីអាហារ ឱ្យបានជាប់ជានិច្ច។

អង្គការសុខភាពពិភពលោក បានកំណត់ថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងតាមផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ ដែល ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការដកដង្ហើមចូលនូវតំណក់ទឹកតូចៗដែលចេញពីអ្នកមានវីរុសកូវីដ-១៩ ពេលក្អក ឬកណ្តាស់ ឬខ្នាតមកប៉ះមាត់ ច្រមុះ ភ្នែក ក្នុងចំងាយតិចជាងមួយម៉ែត្រ ឬក្នុងស្ថានភាពខ្លះ ដោយប៉ះពាល់ជាមួយនឹងផ្ទៃ ឬវត្ថុ ដែលអ្នកមានវីរុសកូវីដ-១៩ ប៉ះពាល់ រួចយកដៃរបស់ខ្លួនមកប៉ះភ្នែក ច្រមុះ ឬមាត់ ដែលជាហេតុនាំឱ្យវីរុសកូវីដ-១៩ ចូលទៅក្នុង ខ្លួនបាន ហើយវីរុសកូវីដ-១៩ នេះ ត្រូវការជម្រកនៅលើមនុស្ស ឬសត្វ ដើម្បីបង្កើតកូនចៅ។ 

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ការស្រាវជ្រាវ ថ្មីៗ ធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដែលមានសំណើម និងសីតុណ្ហភាពដែលអាចគ្រប់គ្រងបាន បានវាយ តម្លៃពីការរស់រាននវីរុសកូវីដ-១៩ នៅលើផ្ទៃផ្សេងៗគ្នា ហើយបានរាយការណ៍ថា វីរុសកូវីដ-១៩ អាចរស់រានរហូតដល់ ៧២ម៉ោង នៅលើប្លាស្ទិក នៅលើដែកអ៊ីណុកស្ពាន់រហូតដល់ ៤ម៉ោង និងនៅលើក្រដាសកាតុងធ្វើកេសចំនួនប្រហែលជា ២៤ម៉ោង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ