សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ណែនាំដល់ស្ត្រីមានផ្ទៃពោះ ឱ្យប្រយ័ត្នឆ្លងមេរោគកូវីដ-១៩ ព្រោះថា ស្ថានភាពមានផ្ទៃពោះ ងាយឆ្លងមេរោគណាស់
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានធ្វើការអំពាវនាវដល់ ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន បង្ការខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ ព្រោះថា ស្ថានភាព កំពុងមានផ្ទៃពោះមានភាពងាយស្រួល ក្នុងការឆ្លងមេរោគណាស់។
តាមរយៈសារលិខិតរបស់ កាកបាទក្រហមកម្ពុជា ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្ដរជាតិ នាថ្ងៃទី៥ ឧសភា ក្រោមប្រធានបទ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប» ដែលចេញផ្សាយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឲ្យដឹងថា ជំងឺកូវីដ-១៩ បានឆក់យកជីវិតមនុស្សយ៉ាងច្រើន ហើយអ្នកងាយរងគ្រោះជាងគេ គឺមនុស្សចា ស់ ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ពេលនេះជាពេលដែលក្មួយៗត្រូវប្រុងប្រយ័ត្នឱ្យមែនទែន បង្ការខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩នេះឱ្យសោះ ពីព្រោះស្ថានភាពក្មួយៗពេលកំពុងមានផ្ទៃពោះ មានភាពងាយស្រួល ក្នុងការឆ្លងមេរោគណាស់ ហេតុនេះត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដូចជា ៖
ទី១- បីការពារ (ពាក់ម៉ាស់គ្របមាត់ និងច្រមុះ លាងដៃឱ្យបានញឹកញាប់ជាមួយ ទឹកនិងសាប៊ូ ឬអាល់កុល ជែល រក្សាគម្លាត ១ម៉ែតកន្លះឡើងទៅ ពីអ្នកដទៃ) បីកុំ (កុំទៅទីកន្លែងដែលមានមនុស្សច្រើន, កុំនៅកន្លែងបិទជិតគ្មានខ្យល់ ចេញចូល កុំជួបជុំគ្នា កុំប៉ះពាល់គ្នា កុំឱបគ្នា)។
ទី២- ទៅពិនិត្យសុខភាពតាម កាលកំណត់របស់គ្រូពេទ្យ ដើម្បីតាមដានការលូតលាស់របស់អ្នក និងកូន ក្នុងផ្ទៃ។ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងត្រូវតាមដានពិនិត្យសុខភាព ទាំងមាតាទាំងទារក ក្រោយសម្រាលរួច។ បំបៅដោះទារក និងចិញ្ចឹមកូនតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
ទី៣- ទាក់ទងជាបន្ទាន់ទៅមន្ទីរពេទ្យ/គ្រូពេទ្យ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ/ឆ្មបជំនាញ ប្រសិនជា មានអាការៈក្តៅ ខ្លួន ក្អក ឬពិបាកដកដង្ហើម។
ទី៤- ក្នុងករណីក្មួយៗរស់នៅក្នុងតំបន់ មានការបិទខ្ទប់ដោយការ ផ្ទុះឡើងនៃជំងឺកូវីដ-១៩ សូមធ្វើការទាក់ទង ទៅឆ្មប ជំនាញដែលបានពិនិត្យផ្ទៃពោះលើកមុន ដើម្បីពិគ្រោះយោបល់អំពី ស្ថានភាពសុខភាពផ្ទាល់ខ្លួន និងទារកក្នុងផ្ទៃ ស្ថានភា ពឈឺពោះសម្រាលកូន ឬការណែនាំអំពីការ ថែទាំក្រោយសម្រាល។
និងទី៥- តាមដានជាប្រចាំ និងអនុវត្តឱ្យបានត្រឹមត្រូវតាមការ ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី/ខេត្តដើម្បីចូលរួម បញ្ចប់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ សម្ដេចថា សង្ឃឹមថា « យើងរួមគ្នា យើងនឹងឆ្លងផុតឱកាស ដ៏លំបាកនេះទាំងអស់គ្នា»៕