ក្រសួងការងារ ៖ កម្មករនិយោជិត អនុញ្ញាតឱ្យឈប់សម្រាក រយៈពេល ៣ថ្ងៃ នាឱកាសពិធីបុណ្យអុំទូក ដោយមានប្រាក់ឈ្នូល
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ បានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាក ដោយមានប្រាក់ឈ្នួល។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមាន ប្រាក់ឈ្នួលនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ក្នុងរយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី៧ ទី៨ និងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២»។
ក្រសួងការងារ បានបញ្ជាក់ទៀតថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា។
ក្រសួង បន្ថែមថា កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាស ខាងលើ។
ក្រសួង សូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន៕EB