ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការស្វែងរកវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឱ្យរួចរាល់នៅឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាម«ផែនការ យុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១»។

ជាមួយនឹងការកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រ, រាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែង ក្នុងការទិញវ៉ាក់សាំងផ្ទាល់ពីប្រទេសអ្នកផលិត និងស្វែងរកជំនួយជាវ៉ាក់សាំងពីស្ថាប័នអន្តរជាតិនានា និងពីប្រទេសជាមិត្ត។ ផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងនេះកម្ពុជា បានក្លាយជាប្រទេសទីមួយក្នុងចំណោមបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានវ៉ាក់សាំងពិស្ថាប័នកូវ៉ាក់ ក៏ដូចជាទទួលបានជំនួយមនុស្សធម៌ជាវ៉ាក់សាំងពីមិត្តចិន និងបានអនុញ្ញាតឱ្យកម្ពុជា ចាប់ផ្តើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅដើមខែកុម្ភៈ ឆ្នាំ២០២១។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការទិញ និងផ្គត់ផ្គង់វ៉ាក់សាំងក្រោមកិច្ចបញ្ជាការរួមរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានក្រុមការងារអន្តរក្រសួង ទទួលបន្ទុកចរចា និងការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសេនាធិការបច្ចេកទេសផងដែរ។

តាមផែនការរៀបចំដោយរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាគ្រោងទទួលវ៉ាក់សាំង ៣លានដូស, ខែមិថុនា នឹងទទួលបានវ៉ាក់សាំង ៣លានដូស, ខែកក្កដា នឹងទទួលបានវ៉ាក់សាំង ១លានដូស, ខែសីហា នឹងទទួលបានវ៉ាក់សាំង ១លានដូស និងខែកញ្ញា នឹងទទួលបានវ៉ាក់សាំង ១,៥លានដូស។ ដោយឡែក តាមការគ្រោងនេះដែរ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១០,៤៣០,៦០០ដូស ផងដែរ។

រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន ៤,០២៤,០០០ដូសហើយ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះ វ៉ាក់សាំងចិន៥០ម៉ឺនដូស នឹងមកដល់កម្ពុជា ហើយនៅថ្ងៃទី១៥ ខាងមុខនេះ នឹងបន្តមកដល់៥០ម៉ឺនដូសទៀត។

ជាមួយគ្នានេះដែរ ក្នុងរយៈពេល៣ខែ គិតចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២១ មន្ត្រីសាធារណៈជួរមុខ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួនជាង ១.៣លាននាក់ ទទួលបានការចាក់វ៉ាក់សាំង។ ជារួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងដំណាក់កាលទី១ ដែលគ្រោងនឹងត្រូវបញ្ចប់នាពេលខាងមុខនេះដ៏ខ្លីនេះ បានប្រព្រឹត្តទៅក្នងល្បឿនមួយគួរឱ្យកត់សម្គាល់ និងសម្រេចបានលទ្ធផលតាមការគ្រោងទុក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ