ក្រសួងសុខាភិបាល ពន្យល់លម្អិតអំពីបញ្ហាប្រតិកម្មមួយចំនួន កើតឡើងក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានពន្យល់លម្អិតអំពីប្រតិកម្មមួយចំនួនដែលអាចកើតមានឡើង ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ។
ក្រោយបញ្ចប់ពិធីប្រគល់អំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយអាយុចាប់លើសពី ១០០ឆ្នាំឡើងទៅ នៅខេត្ដត្បូងឃ្មុំ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ការចាក់វ៉ាក់សាំងដូសទី៣ គឺចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា ផលិតនៅប្រទេសអង់គ្លេសផង និងនៅជប៉ុនផង ជាទូទៅសម្រាប់វ៉ាក់សាំងវាតែងតែមានប្រតិកម្មឆ្លើយតប ហើយក៏អាស្រ័យទៅតាមប្រភេទនៃវ៉ាក់សាំងនីមួយៗផងដែរ ខ្លះចាក់ទៅក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត និងឈឺពោះជាដើម។ នេះជាប្រតិកម្មជាធម្មតារបស់វ៉ាក់សាំងតែប៉ុណ្ណោះ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ដ ហើយការចេញនូវសញ្ញានេះ មានន័យថា វ៉ាក់សាំងកំពុងតែធ្វើការជាមួយសរីរាង្គរបស់យើង»។
លោកស្រីរដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់ថា «រោគសញ្ញាខាងលើនេះ នឹងអាចបាត់ទៅវិញ ក្នុងរយៈពេល២៤ម៉ោង, ៤៨ម៉ោង, អ្នកខ្លះ៧២ម៉ោង ឬ៣ថ្ងៃប៉ុណ្ណោះ។ លើសពីនោះ ត្រូវមានការប្រយ័ត្នប្រយែង ប្រសិនបើបងប្អូនមានការថប់ដង្ហើម សូមប្រញាប់ជួបជាមួយគ្រូពេទ្យ ជួយផ្ដល់មតិយោបល់ ឬព្យាបាល កុំសំងំនៅផ្ទះ ប៉ុន្ដែមកទល់នឹងពេលនេះ មិនទាន់មានបងប្អូនយើងណាម្នាក់ មានបញ្ហានេះនៅឡើយទេ»៕