ក្រសួងសុខាភិបាល ៖ ចាក់វ៉ាក់សាំង និងអនុវត្តវិធានការសុខាភិបាលត្រឹមត្រូវ ធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ ប៉ុន្មានថ្ងៃនេះ មិនមានចំនួនច្រើន
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋចូលរួម ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងចូលរួមអនុវត្តវិធានការ សុខាភិបាល បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មិនមានការកើនឡើង យ៉ាងគំហុកទេ ដោយសារលទ្ធផលវ៉ាក់សាំង បង្កើតភាពស៊ាំ ។
ការលើកឡើងរបស់លោកស្រី ក្រោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ និងករណីនាំចូល មានតួលេខក្រោម៥០០នាក់ ខណៈកន្លងមក អ្នកឆ្លងកើនឡើងជិត១ពាន់នាក់។ នៅថ្ងៃ១២ សីហានេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន៤៥៥នាក់ ជាសះស្បើយចំនួន៦៧៧នាក់ និងស្លាប់ចំនួន២០នាក់។ ចំពោះការឆ្លងសរុបវិញ ៨៣,៨៣៩នាក់ ជាសះស្បើយ ចំនួន ៧៨,៤៣១នាក់ និងស្លាប់ចំនួន ១៦៣៤នាក់។
ក្នុងឱកាសទទួលវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៣លានដូសបន្ថែមទៀត នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា បើគិតត្រឹមថ្ងៃទី១១ សីហា ការចាក់វ៉ាក់នៅកម្ពុជា មានភាពល្បឿនលឿន ហើយគោលដៅ ១០លាននាក់ ជាង៨១% ក្នុងចំណោមពលរដ្ឋ១៦លាននាក់ ខណៈក្មេងក្រោមអាយុ១២ ដល់១៨ឆ្នាំ ជាង២០%។
លោកស្រីបញ្ជាក់ថា «លទ្ធផលនៃការចាក់វ៉ាក់សាំង គឺថា យើងទាំងអស់គ្នាបានអនុវត្ត បានទទួលជោគជ័យ ដោយសារមានការដឹកនាំ ច្បាស់លាស់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺកំណត់ចេញយុទ្ធសាស្ដ្រ និងកំណត់ចេញផែនការច្បាស់លាស់។ បើយើងមិនកំណត់ផែនការច្បាស់លាស់ទេ ការអនុវត្តផែនការហ្នឹង ក៏មិនបានជោគជ័យដែរ»។
លោកស្រីបន្ដថា «ជាពិសេស មានការចូលរួមពីប្រជាពលរដ្ឋ សហគមន៍ ជាពិសេស កម្លាំងសរុបទាំងអស់ បានចូលរួម ទាំងអាជ្ញាធរមូលដ្ឋាន ទាំងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីរាជការស៊ីវិល និងបុគ្គលម្នាក់ៗ ការចូលរួមទាំងហ្នឹង គឺទទួលបានជោគជ័យ ។ ជោគជ័យ ឬមិនជោគជ័យ យើងឃើញហើយ តួលេខរាល់ថ្ងៃនេះ គឺមិនមានការឡើគំហុកទេ ដោយសារលទ្ធផល នៃវ៉ាក់សាំង គឺវាបង្កើន នៃភាពស៊ាំ ម្ដងបន្ដិចៗ»។
លោកស្រីបន្ថែមថា ទោះបីកម្ពុជាទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងយ៉ាងណាក៏ដោយ ក៏ពលរដ្ឋគ្រប់រូប ត្រូវបន្ដអនុវត្តជាប់ជានិច្ច។ លោកស្រីថា ប្រទេសមួយចំនួននៅជិតខាងកម្ពុជា ការគ្រប់គ្រងមិនបានល្អ លទ្ធភាពចាក់វ៉ាក់សាំងមិនទាន់ពេល ហើយពលរដ្ឋមិនចូលរួម គឺមិនទទួលជោគជ័យឡើយ។
លោកស្រីថា រាជរដ្ឋាភិបាលកម្ពុជា ទទួលជោគជ័យក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ហើយនៅសល់២លានដូសទៀត ប្រហែលមកដល់កម្ពុជាសប្ដាហ៍ទី៣-៤ នៃខែសីហា ឆ្នាំ២០២១ ខាងមុខ។ លោកស្រីថា ជារួម កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងដៃ សម្រប់ចាក់ជូនពលរដ្ឋដែលមានវ៉ាកសាំងជិត២៥លានដូស។
ក្នុងផែនការចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ លោកស្រីរដ្ឋលេខាធិការ ក៏បានអះអាងថា គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត កំពុងព្យាយាមទាក់ទង ទៅបណ្ដាប្រទេសមួយចំនួន ក្នុងការបញ្ជាទិញវ៉ាក់សាំងប្រភេទ អាស្ដ្រាហេ្សនីកា ដូចជា ៖ ទូតជប៉ុន ឥណ្ឌា កូរ៉េ អង់គ្លេស ប្រចាំកម្ពុជា ៕EB