ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា នៅតែរក្សាបានសុខសន្តិភាព ទោះបីជាមានក្រុមប្រឆាំងរាជរដ្ឋាភិបាលក៏ដោយ។

ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កម្ពុជានៅតែរក្សាបានសុខសន្តិភាព ទោះបីជាមានក្រុមប្រឆាំងរាជរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែក្រុមប្រឆាំទាំងនោះជាក្រុមប្រឆាំងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺគ្មានក្រុមប្រឆាំងក្រៅច្បាប់ដែលបង្កើតជាចលនាឧទ្ទាមប្រដាប់អាវុធនោះទេ»។ 

សម្ដេចក្រឡាហោម បន្ដថា កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលសរុបទាំងការបោះឆ្នោត ឆ្នាំ២០២៣ ខាងមុខនេះទៀត មាន១២ដងរួចទៅហើយ ដោយមិនគិតពីការបោះឆ្នោតអសកលផង។

សម្ដេចក្រឡហោម បានអំពាវនាវអាជ្ញាធរ និងប្រជាពលរដ្ឋ យកចិត្តទុកដាក់អនុវត្ត និងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សារណៈ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ 

ពីវេទិការអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យខិតខំយកចិត្តទុកដាក់រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមសហគមន៍ ភូមិ ឃុំ សង្កាត់ ក្នុងនោះរាប់ទាំងនៅតាមសាលារៀន ដ្បិតគ្រឿងញៀនជាសត្រូវធំបំផុតនៃការអភិវឌ្ឍធនធានមនុស្ស និងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ