នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ដរាបណាសង្គ្រាមនៅអ៊ុយក្រែន មិនបញ្ចប់ វិបត្តិសេដ្ឋកិច្ច មិនអាចល្អប្រសើរនោះឡើយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពូជា បានបញ្ជាក់ថា ដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់ចប់ សេដ្ឋកិច្ចពិភពលោកនៅតែគំរាមកំហែង។
សម្ដេចតេជោ បន្ដថា ក្នុងនោះសេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ ដោយសារការបញ្ជាទិញ ក្នុងវិស័យកាត់ដេរបានធ្លាក់ចុះ និងកត្តាវត្ថុធាតុដើម។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា បញ្ហាសង្គ្រាមរវាង អ៊ុយក្រែន និងរុស្ស៊ី ធ្វើឱ្យពលរដ្ឋនៅតំបន់អឺរ៉ុបទទួលរងផលប៉ះពាល់ សេដ្ឋកិច្ចកម្ពុជាក៏រងផលប៉ះពាល់ដែរ ដោយសារការបញ្ជាទិញក្នុងវិស័យកាត់ដេរបានធ្លាក់ចុះ ព្រោះប្រព័ន្ធទីផ្សារមានការជាប់ពាក់ព័ន្ធគ្នា។
សម្តេចតេជោ បន្ថែមថា រាជរដ្ឋាភិបាលបានខិតខំណាស់ ក្នុងការស្វែងរកទីផ្សារក្រៅពីទៅអឺរ៉ុប និងអាមេរិកនោះទេ គឺបានស្វះស្វែងរកទីផ្សាផ្សេងដូចជា នៅទីផ្សាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន នៅអារ៉ាប់អារ៉ាជាដើម ។
សម្តេចតេជោ បានលើកឡើងទៀតថា ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារនានានេះបង្ហាញថា កម្ពុជាមានលទ្ធភាពក្នុងផលិត ។ ការនាំចេញផលិតផលផ្នែកវាយនភណ្ឌ នៅក្នុងឆ្នាំ២០២២កន្លងមកនេះទំហំនៃការនាំចេញផលិតផលមានជាង២៩ពាន់លានដុល្លារអាមេរិក៕EB