ភ្នំពេញ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បានរៀបចំពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់ពី កម្ពុជាដោយផ្ទាល់ ទៅកាន់ប្រទេសចិនជាផ្លូវការ។

ពិធីសម្ពោធនេះ កំពុងរៀបចំឡើងនៅក្រុមហ៊ុន AL JAZEELAN FOOD PTE.LTD អាគារលេខ៧២២ ផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។


កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិន តាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។


តាមរយៈសមត្ថភាពរោងចក្រវេចខ្ចប់ទាំង៥នេះ លោករដ្ឋមន្ត្រី វេង សាខុន អះអាងថា កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ បានប្រមាណ១០ម៉ឺនតោនប៉ុណ្ណោះ ក្នុង១ឆ្នាំ ទៅកាន់ទីផ្សារចិន។ ប៉ុន្តែលោករដ្ឋមន្ត្រីបានដាក់ក្តីរំពឹងថា ក្រុមហ៊ុនធំៗជាច្រើនទៀត នឹងរៀបចំដំឡើងរោងចក្រវេចខ្ចប់ស្វាយ ហើយអាចទទួលបានការទទួលស្គាល់ រដ្ឋបាលគយចិន ដែលអាចនឹងធ្វើឲ្យចំនួនរោងចក្រមានកើនឡើង បរិមាណនៃការនាំចេញក៏កើនឡើងបន្ថែមទៀតផងដែរ។

ផ្លែស្លាយភាគច្រើនដែលនាំចេញ ទៅប្រទេសចិនបាន គឺពូជស្វាយកែវល្មៀត ដែលប្រជាពលរដ្ឋខ្មែរចូលចិត្តដាំ និងមានទិន្នផលខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ