ភ្នំពេញ ៖ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឈប់ប្រើសេវាក្រៅផ្លូវការ នាំឲ្យខាតបង់ថវិកា ព្រោះក្រសួងរៀបចំកន្លែងផ្ដល់សេវាសាធារណៈ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋជាច្រើនកន្លែង។
ក្នុងឱកាសចុះពិនិត្យការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័ស ជូនប្រជាពលរដ្ឋនៅតាមមណ្ឌលផ្តល់សេវានានាក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៩ ធ្នូ លោក ឈួន វ៉ន់ បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់ លោកទេសរដ្ឋមន្ត្រី ក្នុងការរៀបចំមណ្ឌលផ្តល់សេវាសាធារណៈនៅតាមផ្សារទំនើប និងទីកន្លែងសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សំដៅជំរុញការផ្ដល់សេវា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគ្មានការចំណាយក្រៅផ្លូវការ។
លោក ក៏បានលើកឡើងអំពីសារសំខាន់នៃការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈផ្សេងទៀត ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណៈ ឲ្យស្របទៅនឹងបច្ចុប្បន្នភាពនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់៤.០ ឬហៅថា ឌីជីថលភាវូបនីយកម្ម (Digitalization) និងគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជំនាន់ថ្មី (ទីពីរ) ដែលគ្រោងនឹងដាក់ឲ្យ ដំណើរការនាពេលខាងមុខនេះ ដោយប្រជាពលរដ្ឋមិនចាំបាច់បំពេញទម្រង់បែបបទដោយខ្លួនឯងទេ ប្រជាពលរដ្ឋគ្រាន់តែយកកាតគ្រីទៅកាន់ធនាគារជាដៃគូ រួចវាយបញ្ចូលព័ត៌មាន ទិន្នន័យយានជំនិះ ហើយបង់ប្រាក់និងកាន់វិកយបត្រមករោងឆៀក ប្រជាពលរដ្ឋអាចទទួលបានសេវានោះតែម្តង។
លោក បញ្ជាក់ថា «កន្លងមកក្រសួងបានសាកល្បងផ្ដល់ព័ត៌មានតាមរយៈការផ្ញើសារ SMS ទៅកាន់បងប្អូនប្រជាពលរដ្ឋជាម្ចាស់យានជំនិះ ដើម្បីប្រាប់ថា យានជំនិះរបស់គាត់ជិតផុតសុពលភាពហើយ សូមយកយានជំនិះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានមុនពេលផុតកំណត់ និងបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋឈប់ប្រើសេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ ថវិកាបងប្អូន»។
លោក ឈួន វ៉ន់ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល ដោយយកយានជំនិះរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងប្ដូរបណ្ណបើកបរកុំឲ្យផុតសុពលភាព៕