ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា  កំពុងដឹកនាំប្រទេសសព្វថ្ងៃ មានគោលបំណងធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាព គ្មានសង្គ្រាម គ្មានកាប់សម្លាប់ គ្មានតំបន់អប្បគមន៍ ឬគ្មានកម្លាំងឧទ្ទាមក្រៅច្បាប់។

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកបរិយាកាសនយោបាយ នៃការបោះឆ្នោតឃុំ សង្កាត នេះថា «ជាវប្បធម៌ថ្មីមួយ នៃជនជាតិកម្ពុជារបស់យើង ជនជាតិខ្មែររបស់យើងដែលទើបតែបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែគំនុំសងសឹកត្រូវបានលុបបំបាត់ជាបណ្តើរៗ។ ឆ្លងតាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតលើកចុងក្រោយនេះ យើងសន្និដ្ឋានថា ប្រជាពលរដ្ឋកម្ពុជាមានភាពចាស់ទុំ អត់ធ្មត់ មិនមានគំនុំសងសឹក»។

សម្ដេចក្រឡាហោម បានបន្ថែមថា កត្តាសុខសន្តិភាព ស្ថេរភាពសព្វថ្ងៃ គឺជាក្ដីសង្ឃឹម ដែលបង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថា នឹងកាន់តែល្អប្រសើរនាពេលអនាគត ពីព្រោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ មានគោលបំណងធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាព គ្មានសង្គ្រាម គ្មានកាប់សម្លាប់ គ្មានតំបន់អប្បគមន៍ ឬក៏មានកម្លាំងឧទ្ទាមក្រៅច្បាប់ គឺមានតែគណបក្សនយោបាយដែលប្រកួតប្រជែងគ្នា ដើម្បីឡើងកាន់អំណាចតាមបែបប្រជាធិបតេយ្យ។

សម្ដេចក្រឡាហោម បញ្ជាក់ទៀតថា «បោះឆ្នោតហើយ យើងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ គោរពការសម្រេចចិត្តរបស់ពលរដ្ឋសំឡេងភាគច្រើនដែលបោះឲ្យបក្សណាមួយឈ្នះឆ្នោត។ ឥលូវគណបក្សយើងឈ្នះឆ្នោត ឆន្ទៈប្រជាពលរដ្ឋគាំទ្រគណបក្សយើង អ៊ីចឹងអ្នកដែលមិនឈ្នះឆ្នោត ឬសំឡេងភាគតិចក្នុងក្រុមប្រឹក្សាត្រូវតែឱ្យតម្លៃ គោរពគោរពឆន្ទៈប្រជាពលរដ្ឋ»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានសង្ឃឹមថា នៅពេលបោះឆ្នោតខាងមុខនេះ នឹងធ្វើបានល្អដូចការបោះឆ្នោតឃុំ សង្កាត់ដែរ។ បើធ្វើបានដូចការបោះឆ្នោតនេះ កិត្យានុភាពលើឆាកអន្តរជាតិរបស់កម្ពុជា នឹងកាន់តែត្រូវបានលើកកម្ពស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ