ប្រមុខការទូតអាស៊ាន បារម្ភខ្លាំងចំពោះការសាកល្បងមីស៊ីល នៅឧបទ្វីបកូរ៉េ និងជំរុញឲ្យកូរ៉េខាងជើង អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង
ភ្នំពេញ៖ ប្រមុខការទូតអាស៊ាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនាពេលថ្មីៗ នូវការសាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ជាពិសេសជំរុញឲ្យកូរ៉េខាងជើង អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ។
តាមរយៈសេចក្តីថ្លែងការណ៍រួម ស្តីពីការបាញ់សាកល្បង មីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ នាថ្ងៃទី១០ មិថុនា ប្រមុខការទូតអាស៊ាន បានលើកឡើងថា ការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះ បង្ហាញពីកំណើនភាពតានតឹង លើឧបទ្វីបកូរ៉េ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។
រដ្ឋមន្ត្រីការបរទេសអាស៊ានបញ្ជាក់ថា «ដោយទទួលស្គាល់ថា អស្ថិរភាពនៅឧបទ្វីបកូរ៉េប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ អាស៊ានជំរុញឱ្យសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាព ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង» ។
អាស៊ានបានរំលឹកឡើងវិញ ពីការអំពាវនាវឲ្យកូរ៉េខាងជើង អនុវត្ត បានពេញលេញនូវសេចក្តីសម្រេចចិត្ត ដែលពាក់ព័ន្ធទាំងអស់របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដោយគិតគូរដល់ការអំពាវនាវរបស់សហគមន៍អន្តរជាតិសូម ឱ្យ ប្រើប្រាស់មធ្យោបាយ ការទូត ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ កិច្ចប្រឹងប្រែងផ្នែកការទូត រួមទាំងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការសន្ទនាដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ គួរតែបន្តស្ថិតនៅជាអាទិភាព ។
អាស៊ាន ក៏បានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួន ដើម្បីដើរតួនាទីស្ថាបនា រួមទាំងតាមរយៈការប្រើប្រាស់ យន្តការដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹង និងនាំមកនូវការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលអាចផ្ទៀងផ្ទាត់ ហើយមិនប្រែក្រទ្បាស់បាន និងប្រកបដោយសន្តិវិធី ។
អាស៊ានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាព និងស្ថិរភាព ក៏នឹងមានសារប្រយោជន៍ ដល់ការអភិវឌ្ឍ និងវិបុលភាពសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ព្រមទាំងតំបន់ទាំងមូលផងដែរ ៕EB