ភ្នំពេញ ៖ នាកិច្ចប្រជុំថ្នាក់អគ្គនាយកនៃស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥២ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈវីដេអូខនហ្វើរិន ក្រសួងទេសចរណ៍កម្ពុជាត្រូវបានប្រទេសជាសមាជិកអាស៊ាន គាំទ្រឲ្យដឹកនាំរៀបចំផែនការស្ដារឡើងវិញនៃវិស័យទេសចរណ៍អាស៊ាន ក្នុងកំលុង និងក្រោយវិបត្តិកូវីដ-១៩ ដើម្បីជាត្រីវិស័យពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ ដែលរងផលប៉ះពាល់យ៉ាងខ្លាំង។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា យោងលើស្មារតីស្មារតីនៃកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ អាស៊ានបានដាក់ចុះនូវយុទ្ធាសាស្ត្រចំនួន ៧ចំណុច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោះស្រាយផលប៉ះពាល់នៃវិបត្តិ និងរៀបចំផែនការបន្ទាប់ពីវិបត្តិ។

លោក ថោង រដ្ឋសក្តិ បានបន្តថា ក្នុងទិសដៅអនាគត ប្រទេសជាសមាជិកអាស៊ានបានឯកភាពរៀបចំឲ្យមានវិធានសុវត្ថិភាព និងសុខភាពរួមអាស៊ាន និងផែនការស្ដារឡើងវិញនេះ ដែលត្រូវដឹកនាំដោយកម្ពុជា។

វិធាននិងផែនការទាំងនេះនឹងបង្ហាញអំពីការរៀបចំនូវទម្រង់នៃការចាប់ផ្ដើមធ្វើដំណើរក្នុងដំណាក់កាលកូវីដ-១៩ ស្របតាមគោលការណ៍នៃច្រករបៀងធ្វើដំណើរអាស៊ាន (ASEAN Travel Corridor) ដែលចង្អុលបង្ហាញដោយប្រមុខដឹកនាំកំពូលអាស៊ាន ក្នុងការសម្របសម្រួលការធ្វើដំណើររបស់ទេសចរក្នុងតំបន់ឡើងវិញ។

មន្ត្រីជាន់ខ្ពស់ទេសចរណ៍អាស៊ាន ក៏បានពិភាក្សាស្ដីពីការជំរុញការធ្វើដំណើររវាងប្រទេសសមាជិក ដោយត្រូវគោរពតាមវិធានសុខភាព និងអនាម័យ ដែលមានការឯកភាពពីស្ថាប័នជំនាញ និងស្របតាមនិយាមអន្តរជាតិផងដែរ។

បច្ចុប្បន្ន ប្រទេសសមាជិកអាស៊ានមួយចំនួនកំពុងរៀបចំការធ្វើដំណើរជាមួយប្រទេសក្រៅតំបន់ តាមយន្តការសុខភាពសាធារណៈ និងការធ្វើដំណើរបែប Travel Bubble ពោលគឺរវាងគោលដៅទទួលស្គាល់គ្នាថាមានសុវត្ថិភាពមួយទៅគោលដៅសុវត្ថិភាពមួយទៀត។

គួរជម្រាបថា ដោយសារវិបត្តិកូវីដ-១៩ នៅប្រមាណរយៈពេល ៦ខែ ដើមឆ្នំ២០២០នេះ តំបន់អាស៊ានមានការធ្លាក់ចុះនូវចំនួនទេសចរអន្តរជាតិរហូតដល់ ៦៧% ដោយមានចំនួនប្រមាណតែ ២៤លាននាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ