ភ្នំពេញ ៖ សពសត្វទន្សោងមួយក្បាលទម្ងន់ប្រមាណ១៤០-១៥០គីឡូក្រាម ត្រូវបានឧទ្យានុរក្សនៃប្រទះឃើញ នៅចំណុចភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តាមការសន្និដ្ឋានទន្សោងមួយក្បាលនេះ ទំនងងាប់ជាងមួយខែហើយ ដោយសារតែជាប់អន្ទាក់។
បើតាម លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃនៅភ្នំតាម៉ៅ បានឲ្យដឹងថា ទន្សោងនោះបានងាប់ដោយសារតែវាជាប់អន្ទាក់យូរ ហើយវាទំនងបានបាត់បង់ជីវិត ជាងមួយខែទៅហើយ។
លោក Nick Mark នាយកជួយសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏ព្រួយបារម្ភពីភាពហិនហោចសត្វព្រៃនៅកម្ពុជាដោយសារអន្ទាក់ដែរ ខណៈដែលគេប្រទះឃើញអន្ទាក់ដាក់សត្វព្រៃ ក៏មានដាក់លក់នៅទីផ្សារក្នុងតម្លៃថោកទៀតផង។ លោក Nick Mark លើកឡើង បើគ្មានការអនុវត្តច្បាប់តឹងរ៉ឹងនោះទេ ថ្ងៃណាមួយ អន្ទាក់នឹងធ្វើឱ្យសត្វព្រៃមួយចំនួននៅកម្ពុជាផុតពូជដូចគោព្រៃដូច្នោះដែរ៕