ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ក្រោយថ្ងៃបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ រួចហើយនោះ មិនមានការបោះឆ្នោតឡើងវិញ នៅកន្លែងណាមួយឡើយ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងករណីបោះឆ្នោត នៃថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មិនមានការបោះឆ្នោតឡើងវិញ នៅកន្លែងណាមួយទេ។ ដំណើរការដោះស្រាយបញ្ហាដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរហូតទៅដល់ដំណាក់កាល នៃការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បកត្រឡប់មកវិញ គឺប្រកាសលទ្ធផលផ្លូវការ និងបេក្ខជនជាប់ឆ្នោត អញ្ចឹងប្រើពេលវេលាខ្លីទេ»។

សម្ដេចតេជោ បន្ដថា តាមការគ្រោងទុក រដ្ឋសភាព នឹងបើកកិច្ចប្រជុំលើកដំបូង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះអធិបតី ព្រះមហាក្សត្រ នៃកម្ពុជា ហើយល្ងាចថ្ងៃទី២៨ កក្កដា រដ្ឋសភា នឹងចូលស្បថ។ ចំពោះថ្ងៃទី២៩ កក្កដា នឹងបង្កើតរាជរដ្ឋាភិបាលថ្មីនាពេលព្រឹក ហើយពេលល្ងាចថ្ងៃទី២៩ កក្កដា វិញ នឹងស្បថចូលកាន់តំណែង របស់ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា នេះជាប្រតិទិនសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត នាពេលខាងមុខនេះ។ ក្នុងករណី គណបក្សប្រជាជនកម្ពុជា ឈ្នះបោះឆ្នោតនោះ សម្ដេច មានភារកិច្ចនឹងរៀបចំបែបនេះ។ ប៉ុន្ដែបើគណបក្សដទៃឈ្នះឆ្នោតវិញ ទុកឲ្យគណបក្សឈ្នះឆ្នោតនោះ រៀបចំដោយខ្លួនឯងចុះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ