មីយ៉ាន់ម៉ា បញ្ជូនយន្តហោះ មកដឹកជញ្ជូនពលរដ្ឋខ្លួនពីកម្ពុជា ជាង ១៤០នាក់ ត្រឡប់ទៅប្រទេសកំណើនវិញ
ភ្នំពេញ ៖ ស្របពេលដែលពលរដ្ឋខ្មែរ ១ក្រុមទៀត បានបញ្ចប់បេសកកម្មការងារ និងជាប់គាំងក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានសម្របសម្រួលឲ្យវិលត្រឡប់ មកមាតុប្រទេសវិញនោះ ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៤០នាក់ ក៏ត្រូវដឹកជញ្ជូនតាមជើងហោះហើរ សង្គ្រោះលើកទី៦ ត្រឡប់ទៅកាន់ប្រទេសកំណើនខ្លួនវិញដែរ ។
បើតាមមន្ត្រីក្រសួងការបរទេសខ្មែរ បានឲ្យដឹងតាមបណ្ដាញសង្គមតេឡេក្រាម មុននេះបន្តិចថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំមីយ៉ាន់ម៉ា បានសម្របសម្រួល ជូនប្រជាពលរដ្ឋខ្មែរមួយក្រុមទៀត ដែលបានបញ្ចប់បេសកកម្មការងារ និងជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមជើងហោះហើរសង្គ្រោះ ដែលរៀបចំដោយ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បី ធ្វើ មាតុភូមិនិវត្តន៍ ប្រជាពលរដ្ឋ មីយ៉ាន់ម៉ា ពីប្រទេសកម្ពុជា។
មន្ត្រីរូបនេះបញ្ជាក់ថា «នេះគឺជាការរៀបចំ ជើងហោះហើរសង្គ្រោះលើកទី៦ ពីប្រទេសមីយ៉ាន់ម៉ា ហើយដែលនឹង ដឹកជញ្ជូនពលរដ្ឋ មីយ៉ាន់ម៉ា ប្រមាណជាង ១៤០នាក់ ពី ប្រទេស កម្ពុជា ត្រឡប់ ទៅកាន់ ប្រទេស មីយ៉ាន់ម៉ាវិញផងដែរ» ។
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយក្រសួងការបរទេសមីយ៉ាន់ម៉ា និងស្ថានឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ ក្នុងការរៀបចំជើងហោះហើរសង្គ្រោះ ចំនួន ៦លើក និងបានសម្របសម្រួល ក្នុងការរៀបចំជើងហោះហើរឯកជន (Charter Flight) ចំនួន ២លើក ជូនបងប្អូនពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ាសរុបចំនួន ១៨៣នាក់ ក្នុងនោះរួមមានព្រះសង្ឃ ៥០អង្គ និងដូនជី ៣នាក់ ៕EB