ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា នៅពេលដែលវិបត្តិកូវីដ-១៩ កំពុងឆ្លងរាតត្បាតពិភពលោក ធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួន ប៉ុន្ដែវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុត ក្នុងការពង្រឹងសេដ្ឋកិច្ចកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ «នៅក្នុងពេលដែលវិបត្តិកូវីដ-១៩ កំពុងឆ្លងរាតត្បាតពិភពលោក គឺបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរងផលប៉ះពាល់។ ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា»។
សម្ដេចតេជោ បន្ដថា «ពិតណាស់ គឺយើងត្រូវប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសនៃការវិនិយោគក៏ដូចជាការអភិវឌ្ឍវិស័យកសិឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍនិងភាពរីកចម្រើននាពេលអនាគតខាងមុខរបស់ប្រទេសកម្ពុជា»។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៨៣នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន២៨០នាក់ និងកំពុងសំរាកនៅមន្ទីរពេទ្យ៣នាក់៕EB