ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។ 

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថាដោយសារតែមានការរីករាលដាលជំងឺកូវីដ១០ ទើបក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនបង្រៀន និងរៀនតាមការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងៗខ្លួន។

ក្រសួងបន្ដថា ដើម្បីធានាបាននូវស្តង់ដាគុណភាពនៃការប្រឡង ក្រសួងអប់រំ បានធ្វើការណែនាំមួយចំនួន ដោយគ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកកាន់មន្ទីរអប់រំ ឲ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ ជាកំហិត ដើម្បីពិនិត្យ និងទទួលស្គាល់។

ក្នុងករណីគ្រឹះស្ថានសិក្សាឯកជនណា ដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរង់ចាំចូលរួមប្រឡងជាមួយសិស្សនៃគ្រឹះស្ថានសិក្សាសាធារណៈនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ