ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា បានផ្ញើសារជូនពរ និងបួងសួងសូមឱ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆាប់បានជាសះស្បើយជាស្ថាពរពីជំងឹកូវីដ-១៩

សម្តេចក្រឡាហោម និងភរិយា មានសេចក្តីព្រួយ និងបារម្ភជាពន់ពេក ក្រោយពីបានទទួលព័ត៌ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី១៥ វិច្ឆិកា នេះថា «ស្ថិតក្នុងបរិយាកាសដ៏អាប់អួរនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្តី សូមឆាប់បានជាសះស្បើយជាស្ថាពរ ដើម្បីសណ្ឋិតនៅជាប្រមុខដឹកនាំដ៏ឆ្នើម និងវាងវៃបំផុត សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាដរាបតរៀងទៅ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោបញ្ជាក់ថា បើទោះជាពេទ្យឥណ្ឌូនេស៉ី បញ្ជាក់ថាសម្តេចវិជ្ជមានកូវីដ១៩ ក្តីក៏អាការៈសម្តេចមិនមានអ្វីចម្លែកឡើយ។ ដើម្បីសុវត្ថិភាពប្រតិភូ សម្តេចបានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញទាំងអស់ ហើយសម្រាប់ឯតំណាងប្រទេសអាស៊ាន កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៉ីជាតំណាងតែម្តង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ