ភ្នំពេញ  ៖  សម្ដេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ កម្ពុជា  បានសម្រេចថានឹងទិញវ៉ាក់សាំងមួយលានដូស ប៉ុន្តែពុំទាន់កំណត់ថានឹងទិញពីប្រទេសណានៅឡើយនោះទេ ប៉ុន្តែសម្តេចបានស្នើយោបល់ថា ក្រុមគ្រូពេទ្យ គួរតែជាជម្រើសអាទិភាពទីមួយ សម្រាប់ការទទួលវ៉ាក់សាំង បន្ទាប់មកគឺ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌ ។

តាមរយៈសារសំឡេង  កាលពីថ្ងៃទី៧ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន  សែន  បានគូសបញ្ជាក់ថា « ឥឡូវនេះ មួយលានដូស យើងចាក់បានត្រឹមតែ ៥០ម៉ឺននាក់ប៉ុណ្ណោះ។ ដូចនេះត្រូវតែផ្ដល់អាទិភាពទៅឱ្យអ្នកណាដែលត្រូវបានមុន ដែលខ្ញុំគ្រាន់តែលើកជាយោបល់នៅក្នុង ១លានដូសនេះ អ្នកដែលបានមុនគេគឺគ្រូពេទ្យ ព្រោះអ្នកទាំងហ្នឹងជាអ្នកដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ជួរមុខ បន្ទាប់មកគឺយើងត្រូវផ្ដល់ឱ្យគ្រូបង្រៀនរបស់យើងដែលមានប្រមាណ ១២ម៉ឺននាក់ កងកម្លាំងប្រដាប់អាវុធ រួមមានកងទ័ព មានអាវុធហត្ថ និងនគរបាល មានមន្ត្រីពន្ធនាគារជាដើម ដែលអ្នកទាំងនោះត្រូវប្រឈមនឹងហានិភ័យខ្ពស់នៅពេលដែលយើងត្រូវប្រើកម្លាំងធ្វើអន្តរាគមន៍នានា គឺយើងត្រូវប្រើកម្លាំងប្រដាប់អាវុធទាំងនេះ ដូច្នេះប្រសិនជាពួកអ្នកទាំងនេះមិនបានចាក់វ៉ាក់សាំងទេ គេប្រាកដជាប្រឈមនឹងគ្រោះថ្នាក់។ ដូច្នេះកម្លាំងនគរបាល កងទ័ព អាវុធហត្ថ និងមន្ត្រីអនុរក្សពន្ធនាគារ គឺត្រូវតែជាអ្នកទទួលបានវ៉ាក់សាំង ហើយបន្ថែមលើនោះគឺមន្ត្រីយុត្តិធម៌ ដូចជាខាងព្រៃឈើ ជលផល និងបរិស្ថាន ក៏ត្រូវចេញទៅធ្វើប្រតិបត្តិការតាមការងាររបស់ទេ ដែលត្រូវតែមានការផ្ដល់វ៉ាក់សាំងជូនសម្រាប់អ្នកទាំងនោះផងដែរ »។

សម្តេចតេជោ បានបន្តថា ដូច្នេះបើគិតត្រួសៗអំពីចំនួននេះ គឺប្រហែលជា ៤០ម៉ឺននាក់ ប៉ុណ្ណោះ ហើយសល់ខ្ទង់ដប់ម៉ឺនទៀត សម្តេចផ្តល់អាទិភាពថាទៅខាងណានោះ គឺទុកឱ្យក្រសួងជាអ្នកសម្រេច។ ដោយឡែកសម្រាប់ដំណាក់កាលទី២ ត្រូវសុំជំនួយសម្រាប់ការទិញបន្ថែម នឹងគិតតទៅទៀតថាតើត្រូវចាក់នៅតំបន់ណាមុន តំបន់ណាក្រោយ ដូចជានិស្សិតដែលរៀននៅតាមមហាវិទ្យាល័យរដ្ឋ និងឯកជន អ្នករៀននៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬក៏ឆ្ពោះទៅរកកម្មករសំណង់ និងកម្មករដទៃទៀតនៅតាមទីក្រុង ទីប្រជុំជន ដែលអាចទទួលបានជាបន្តបន្ទាប់ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ