ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ឱ្យបានជោគជ័យ
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងត្រៀមខ្លួនសហការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានជោគជ័យ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ដឹកនាំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជា ប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីការត្រៀមខ្លួនរបស់ ក្រសួងពាណិជ្ជកម្ម ពិសេស ក្នុងការឈានទៅ សម្រេចបាននូវកិច្ចការ ក្រោមសរសរស្តម្ភសេដ្ឋកិច្ចរបស់អាស៊ាន។
លោក បានរំលេចថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងពន្លឿននីតិវិធី ក្នុងស្រុកសម្រាប់ឈានទៅការផ្តល់ សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមាន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០២០ កន្លងទៅ។ ក្រៅពីនេះ ក្រសួងក៏បាននឹងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខាឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចាកិច្ចព្រមព្រៀងជាមួយ ដៃគូពាណិជ្ជកម្មផ្សេងទៀត (រួមមាន ជប៉ុន ឥណ្ឌា) នៅពេលការសិក្សាបានបញ្ចប់។
លោក បានបន្ដថា ក្រសួងក៏បាននឹងកំពុងបង្កើតក្រុមការងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដាក់ជាចំណុចអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោក ប៉ាន សូរស័ក្តិ ទទួលយកអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ដែលជាប្រធានអង្គប្រជុំ និងបានប្តេជ្ញាថា នឹងសហការតាមគ្រប់មធ្យាបាយ និងក្នុងគ្រប់កាលៈទេសៈ ដើម្បីធានាសម្រេចបាននូវភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២៕EB