បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ ជាដើម។

ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន។

សម្ដេច មានប្រសាសន៍ថា «ជំរុញឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ដែលបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ ពិសេសនៅតំបន់ជាប់បឹងទន្លេសាប»។ 

លើសពីនេះ សម្ដេច ស ខេង ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាម និងការលើកម្ពស់បរិស្ថាន ពិសេសបង្កើនភាពបៃតងនៅតាមទីសាធារណៈ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ