សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមអម សម្ដេចតេជោ ហ៊ុន សែន ទទួលពាន់រង្វាន់ សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ដ្រ សម្រាប់អាស៊ីប៉ាស៉ីហ្វិក (KSI) ស្ដីពី «ការបង្កើតទំនាក់ទំនងអាស៊ាន-ចិន» ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព។
គួរបញ្ជាក់ថា វិទ្យាស្ថានយុទ្ធសាស្ដ្រ សម្រាប់អាស៊ីប៉ាស៉ីហ្វិក តែតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការអនុវត្ត «គោលនយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និងស្ថិរភាពនយោបាយ។ ការណ៍នេះ បានក្លាយជាចលករ និងចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានក្នុងអត្រា ៧ ភាគរយ ជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ និងកំពុងបោះជំហានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមជម្រាបជូនដែរ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការណ៍កម្រិតខ្ពស់ជាង៦០ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពូ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat៕