នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» ដឹកនាំដោយ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

សន្និសីទសារព័ត៌មានរយៈពេល ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ នាពេលនេះ រៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  ហើយក៏មានការអញ្ជើញចូលរួមពីតំណាង អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីការប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបាន។

នាឱកាសនោះ លោក ខៀវ សុភ័គ មានប្រសាសន៍ថា រយៈពេល ៥ឆ្នាំ (២០១៨-២០២២) ក្នុងរបត់នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា បានពុះពារឆ្លងកាត់ប្រកបដោយជោគជ័យនូវបញ្ហា ប្រឈមជាច្រើន ដែលកើតចេញពីកត្តាសត្យានុម័តផង និងកត្តាអត្តនោម័តផង។

លោក បន្ដថា ជាពិតណាស់ សភាពការណ៍សន្តិសុខ និងវិបត្តិសុខភាពសាធារណៈជាសកល ការប្រែប្រួលអាកាសធាតុ បូករួមទាំងសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនៅក្នុង និងក្រៅប្រទេស បានបង្កហានិភ័យ មកលើសេដ្ឋកិច្ច សង្គម ប៉ុន្តែនៅក្នុងរយៈពេល ៥ឆ្នាំនេះ កម្ពុជាមានមោទនភាព ដោយនៅតែរក្សាបាន សន្តិភាពពេញលេញបរិបូរណ៍ទូទាំងប្រទេស និងការឯកភាពផ្ទៃក្នុងជាតិ ស្ថាប័នកំពូលនានារបស់ជាតិ និងគ្រប់ ព្រឹត្តិការណ៍នយោបាយ ព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ត្រូវបានដំណើរការដោយរលូន និងមានសុវត្ថិភាព ទាំងស្រុង បញ្ចៀសបាននូវអំពើភេរវកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ