ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បើច្បាប់ស្ដីពីការបោះឆ្នោត ចូលជាធរមានហើយនោះ ក្រុមប្រឆាំងធ្វើពហិការមិនទៅចូលរួមបោះឆ្នោត នាពេលខាងមុខនេះ ស្មើនឹងសម្លាប់សិទ្ធិនយោបាយខ្លួនឯង។ 

នាឱកាសអញ្ជើញបិទប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានណែនាំក្រុមការងាររាជរដ្ឋាភិបាល ត្រូវពង្រឹង និងចាត់វិធាននានា ដើម្បីការពារដល់អ្នកមកបំផ្លាញការបោះឆ្នោត ដែលនឹងប្រព្រឹត្តិនាពេលឆាប់ៗខាងមុខនេះ។

សម្ដេចតេជោ បន្ដថា ច្បាប់ស្ដីពីការបោះឆ្នោត មានវិសាលភាពធំធេងណាស់ ដើម្បីកុំឱ្យជនណាមកបំផ្លាញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេច បន្ដថា មិនអត់ឱនជនណាមួយឡើយ មកបំផ្លាញ់លទ្ធប្រជាបតេយ្យនៅកម្ពុជាឡើយ។

សម្ដេចតេជោ បន្ថែមថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចតេជោ បន្ថែមទៀតថា នៅថ្ងៃស្អែកនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើជាតំណាងរាជរដ្ឋាភិបាល ដើម្បីឡើងការពារសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខនេះ។

សម្ដេច គូសបញ្ជាក់ថា «ច្បាប់ចូលជាធរមានហើយ យើងក៏ចង់ដឹងថា អាជើងខ្លាំងនៅកន្លែងណា ដែលចេញមកដើម្បីម្ខាំងពហិការមិនចូលរួមបោះឆ្នោត។ ឥឡូវ យើងអំពាវនាវឱ្យអ្នកឯងធ្វើពហិការចុះ ព្រោះពហិការរបស់អ្នកឯងស្មើនឹងសម្លាប់សិទ្ធិនយោបាយរបស់អ្នកឯងតែប៉ុណ្ណោះ អញ្ចឹងអ្នកខ្លាំងធ្វើទៅ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា បើក្រុមប្រឆាំងមិនទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អ្នកឯងនឹងបាត់បង់សិទ្ធិបោះឆ្នោត នៅឆ្នាំ២០២៨ ខាងមុខនេះ ទោះបីអ្នកឯងបានទៅបោះឆ្នោត ឃុំ សង្កាត់  នៅឆ្នាំ២០២៧ ក៏ដោយ ប៉ុន្ដែលក្ខខ័ណ្ឌ ដើម្បីឈរឈ្មោះសម្រាប់បោះឆ្នោតតំណាងរាស្ដ្របាន ទល់តែបោះឆ្នោតសកលបាន ២ដង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ