សម្ដេចតេជោ បន្ដរកឃើញអ្នកចាក់វ៉ាក់សាំង ៥លាននាក់ ឈ្មោះ ណុប មាន រស់នៅឧត្តរមានជ័យ នឹងទទួលថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដរកឃើញអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានលេខរៀងទី៥លាននាក់ ឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ រស់ភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលប្រាក់ឧបត្ថម្ភ១០លានរៀល និងសម្ភារមួយចំនួនទៀត។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមអបអរសាទរ ចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់»។
សម្ដេចតេជោ ក៏បានអរគុណរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន និងក្រុមគ្រួសារ។
សម្ដេចតេជោ ក៏បានកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជន ដែលមកដល់ពេលនេះយើងចាក់ បាន៥០ភាគរយ នៃចំនួនប្រជាជនដែល នឹងត្រូវចាក់១០លាននាក់៕EB