អ្នកនាំពាក្យក្រសួងការងារ ដាស់តឿនដល់ម្ចាស់រោងចក្រទាំងអស់ កុំធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ សារជាថ្មី
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ បានដាស់តឿន ទៅដល់ម្ចាស់រោងចក្រទាំងអស់ កុំធ្វើឱ្យការផ្តើមសកម្មភាព អាជីវកម្មឡើងវិញនេះ ទៅជាឱកាស ធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងរោងចក្ររបស់ខ្លួន ហើយដែលនឹងនាំឱ្យ មានការបិទរោងចក្រនោះឡើង វិញដោយ រដ្ឋបាលរាជធានី ឬខេត្ត។
ការដាស់តឿននេះធ្វើឡើងក្រោយ រដ្ឋបាលសាលារាជធានីភ្នំពេញ និងខេត្តកណ្ដាលរោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាព ផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំង កម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប។
លោកហេង សួរ បានរំឮកថា គ្រប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ ព្រមទាំងគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា បានគាំទ្រការផ្តើមសង្វាក់ ផលិតកម្ម នៃរោងចក្រ ក្នុងវិស័យកាត់ដេរ ជាជំហានៗ ដោយផ្តើមចេញពី ៥០% នៃកម្លាំងកម្មករនិយោជិតសរុប និងឆ្លាស់វេនគ្នា រៀងរាល់ពេល ២សប្តាហ៍។
លោកបន្តថា អ្នកគ្រប់គ្រងរោងចក្រ សហគ្រាសគួរពិនិត្យ លើសេចក្តីថ្លែងការ របស់គណៈកម្មការក្រុមប្រឹក្សាការងារ នាថ្ងទី៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។
សូមរំលឹកថា យោងសេចក្តីសម្រេចលេខ ១០០/២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងយោងសេចក្តីសម្រេចលេខ ០៨៥ របស់រដ្ឋបាលខេត្តកណ្តាល នោះរោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំងកម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប៕