រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់ អភិបាលរាជធានី-ខេត្ត ត្រូវបន្ដទប់ស្កាត់ជំងឺកូវីដ-១៩ និងពង្រឹងកន្លែងធ្វើចត្តាឡីស័ក
3 ឆ្នាំ មុន
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានរបស់ខ្លួន។
យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការរដ្ឋបាល ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់»។
លោក បន្ដថា អភិបាលរាជធានី-ខេត្ត ត្រូវលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គល គ្រួសារ និងសហគមន៍៕