ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងឆ្លើយតបករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា-កុមារី។

តាមរយៈសារាចរ ស្ដីពី «ការអនុវត្តអនុសាសន៍របស់ គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ» ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមាន សមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាព សាធារណៈ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត»។

សម្ដេចតេជោ បន្ដថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ សំដៅធ្វើឱ្យសម្រេចបាននូវការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនិងការអភិវឌ្ឍ ប្រកបដោយចីរភាព, ត្រូវពង្រឹងប្រព័ន្ធពិនិត្យតាមដាននិងវាយតម្លៃ ជាពិសេស បង្កើតប្រព័ន្ធទិន្នន័យកុមារ ឱ្យបានទូលំទូលាយ ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលដោយកំណត់ច្រកចេញចូលតែមួយ។

សម្ដេចតេជោ បន្ថែមថា ភាគីពាក់ព័ន្ធត្រូវជំរុញការប្ដេជ្ញាជាសកល តាមរយៈការកៀរគរធនធាន ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងធានាស្ថិរភាព ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានានៃការអភិវឌ្ឍប្រកបដោយ ចីរភាពនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ