រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំមិនឲ្យគិតថ្លៃធ្វើតេស្ដរហ័ស ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានសុខាភិបាលសាធារណៈ
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំអភិបាលរាជធានី-ខេត្ត និងនាយកមន្ទីពេទ្យជាតិ និងប្រជាធានមជ្ឈមណ្ឌលជាតិ មិនគិតថ្លៃធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
ការណែនាំនេះធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនឲ្យគិតថ្លៃធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ពី ប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្រសួងសុខាភិបាល ស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី ធ្វើការណែនាំបន្ថែមដល់បណ្តាអង្គភាព និងបុគ្គលិក សុខាភិបាលក្រោមឱវាទ ស្ដីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ពីប្រជាពលរដ្ឋ មកទទួល សេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឡើយ»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៩,៦៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន ៧២,៨០៣នាក់ និងអ្នកស្លាប់ចំនួន ១,៤៨៨នាក់៕EB