កម្ពុជា-ចិន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងវ៉ាង ស៊ាងហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន។
ជាកិច្ចចាប់ផ្ដើមនាឱកាសនោះ លោក ស៊ីតាថុង អនុរដ្ឋមន្រ្តីនៃក្រសួងសន្តិសុខចិន និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងសុន្ទរកថា ស្ដីអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ។ បន្ទាប់មកលោក វ៉ាង ស៊ាងហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខចិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញថ្លែងសុន្ទរកថាវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ។
ក្នុងឱកាសនោះដែរ លោក វ៉ាង ស៊ាងហុង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានសម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូ និងបានជម្រាបជូនអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានរដ្ឋចិន និងសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដ៏ល្អជាមួយកម្ពុជា និងសង្ឃឹមជឿជាក់ថា តាមរយៈកិច្ចប្រជុំនាឱកាសនេះ ភាគីទាំងពីរនឹងកាន់តែធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរាក់ទាក់ពីសំណាក់ លោក រដ្ឋមន្រ្តី និងសហការី និងការផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការសម្របសម្រូលដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចក្រឡាហោម ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងរួមចំណែកកាន់តែសកម្មដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ និងស៊ីជម្រៅរវាងភាគីទាំងពីរ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្ដើម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈចិន ៕