ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប បានថ្លែងឱ្យដឹងថា កន្លងមក មានការលើកឡើងថា ការធ្វើកំណែទម្រង់វិមជ្ឈការ ឬការផ្ទេរមុខងារទៅឱ្យថ្នាក់ក្រោមជាតិ គឺជាការប្រមូល ឬការផ្ទេរសិទ្ធិអំណាចមកឱ្យក្រសួងមហាផ្ទៃ គឺមិនត្រឹមត្រូវឡើយ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. គ.ជ.អ.ប. លើកទី២០ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា កម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់បន្ត និងជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងការបែងចែកមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យកាន់តែមានភាពច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ 

សម្ដេចក្រឡាហោម បន្តថា គោលបំណងសំខាន់នៃការបែងចែកឡើងវិញនូវមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង ការទទួលខុសត្រូវក្នុងចំណោមស្ថាប័នសាធារណៈទាំងនេះ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម។

សម្ដេចក្រឡាហោម បន្ថែមថា ក្នុងដំណាក់កាលនៃការអនុវត្តកម្មវិធីជាតិលើកទី១ (២០១០-២០២០) រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា រួមទាំងក្រសួងមហាផ្ទៃផងដែរ បានផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានមួយចំនួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកិច្ចការនេះបានរៀបចំឡើងជាជំហានៗ តាមដំណាក់កាលនីមួយៗដោយមានការពិភាក្សា ការពិគ្រោះយោបល់ និងការឯកភាពស្រុះស្រួលគ្នា។ 

សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ជ.អ.ប. មានប្រសាសន៍ថា «កន្លងមក មានការលើកឡើងថាការធ្វើកំណែទម្រង់វិមជ្ឈការ ឬការផ្ទេរមុខងារទាំងនេះ គឺជាការប្រមូល ឬការផ្ទេរសិទ្ធិអំណាចមកឱ្យក្រសួងមហាផ្ទៃ ការយល់ឃើញខាងលើនេះថា ការមិនត្រឹមត្រូវ ដ្បិតច្បាប់រៀបចំអង្គការបានតម្រូវឱ្យបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយគឺ គ.ជ.អ.ប. ដែលមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ឬអាចកំណត់បានថា ជាក្រសួងនាំមុខក្នុងការសម្របសម្រួលដំណើរការកំណែទម្រង់នេះ ហេតុនេះក្នុងនាម គ.ជ.អ.ប. សម្ដេចបញ្ជាក់ជូនថាការធ្វើវិមជ្ឈការគឺជាការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ ផ្ទេរធនធាន និងផ្ទេរការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអាចនិយាយម្យ៉ាងទៀតថា ជាការផ្ទេរសិទ្ធិអំណាចទៅឱ្យប្រជាពលរដ្ឋតាមរយៈក្រុមប្រឹក្សាជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិដែលជាតំណាងរបស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងសហគមន៍នៅ តាមមូលដ្ឋាននីមួយៗ»។

សម្ដេចក្រឡាហោម បានបញ្ជាក់ជូនកិច្ចប្រជុំទៀតថា ក្នុងដំណើរការធ្វើវិមជ្ឈការ និងវិសហមជ្ឈការកន្លងមកនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវជា ច្រើនរួចមកហើយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចជា ការផ្ទេរសិទ្ធិអំណាច ធនធាន និងការទទួលខុសត្រូវលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការផ្ទេរបុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃប្រមាណជាង ៧.០០០នាក់ ទៅស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម បានបន្ថែមថា «ប្រសិនបើមិនមានការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ដំណើរការកំណែទម្រង់នេះមិនអាចចាត់ទុកថាជាដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការបានឡើយ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិដែលមិនមានតួនាទី មុខងារ និងសិទ្ធិអំណាចជាក់លាក់ប្រៀបដូចជា រដ្ឋបាលដែលមានដៃទទេ មិនអាចក្លាយជារដ្ឋបាលដែលត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាព និងតាមបែបប្រជាធិបតេយ្យ ដែលធានាដល់ការសម្របសម្រួលរាល់សកម្មភាពរដ្ឋបាលសាធារណៈសម្រាប់ផល ប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងដែនដីរបស់ខ្លួន ដូចដែលបានកំណត់ក្នុងច្បាប់រៀបចំអង្គការ បានឡើយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ