ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកជនល្មើស បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន ៨០០គីឡូក្រាម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រឆាំងការជួះដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «កាលពីម្សិលមិញ មានករណីគ្រឿងញៀនមួយដល់ធំ ដែលសមត្ថកិច្ចបានបង្ក្រាប រហូតទៅដល់ ៨០០គីឡូក្រាម គឺសារធាតុញៀន ៨០០គីឡូក្រាម សមត្ថកិច្ចយើងកំពុងធ្វើកិច្ចការងារនេះ យ៉ាងម៉ឺតចត់បន្ដទៀត។ ប្រសិនបើយើងគ្រាន់តែប្រមូលគ្រឿងញៀន ៨០០គីឡូក្រាមនេះបានមក តែយើងមិនបានចាប់ ឧក្រិដ្ឋជន មេក្លោង ឬអ្នកជួញដូរគ្រឿងញៀននោះ មកដាក់ទោស ហាក់ដូចជា បេសកម្មរបស់យើងមិនទាន់ចប់ទេ ហើយក៏មិនទាន់ជោគជ័យដែរ»។

សម្ដេចក្រឡាហោម បន្ថែមថា អ្វីដែលហៅថា ជោគជ័យ គឺចាប់ជនល្មើសមកដាក់ទោស ទើបហៅថាជោគជ័យ ព្រមទាំងស្រាវជ្រាវបន្ដល្មើសដ៏ទៃទៀត រហូតឈានទៅដល់បទល្មើសសម្អាតប្រាក់ បញ្ហាទាំងនេះ គឺជាបញ្ហាដ៏សំខាន់របស់កម្ពុជាផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ