ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានបង្ហាញការមិនយល់ស្រប ចំពោះការតម្លើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ចំនួន១៩៤ដុល្លារ។ ដោយ លោកអះអាងថា មិនគ្រប់គ្រាប់សម្រាប់ការចំណាយ រស់នៅប្រចាំថ្ងៃរបស់កម្មករ ប្រចាំខែនោះទេ។

ក្រោយបញ្ចប់កិច្ចចូលរួម ប្រជុំកំណត់ប្រាក់ឈ្នួលកម្មករ នៅថ្ងៃ២៨ កញ្ញានេះ លោក ប៉ាវ ស៊ីណា បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ ទាំងនិយោជក រាជរដ្ឋាភិបាលពិនិត្យពិចារណា ជុំវិញការពិនិត្យមើលលទ្ធភាព ជាថ្មីម្តងទៀត ក្នុងការផ្តល់ជូនប្រាក់ឈ្នួលទៅដល់កម្មករ នៅក្នុងកម្រិតណាមួយបន្ថែមទៀត ពីព្រោះ១៩២ដុល្លារ ហើយបន្ថែម ២ដុល្លារ ពីប្រមុខរាជរដ្ឋាភិបាលនេះទៀត មិនអាចឆ្លើយតបទៅនឹងការ ចំណាយការរស់នៅរបស់កម្មករបានទេ ។


លោកបញ្ជាក់ថា «ប្រាក់ឈ្នួលកម្មករនិយោជិត ១៩៤ដុល្លារ ឆ្នាំ២០២២ខាងមុខនេះ មិនអាចឆ្លើយតបចំពោះការ ចំណាយលើការរស់នៅ របស់បងប្អូនកម្មករបានទេ ខណៈផលប្រយោជន៍ជាច្រើន របស់ពួកគាត់ត្រូវបាន បាត់បង់នាពេលកន្លងមក»។

ទោះបីជាយ៉ាងណាលោក ប៉ាវ ស៊ីណា ក៏បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលចំពោះការបន្ថែម ២ដុល្លារ តែលោកសោកស្តាយ ចំពោះភាគីនិយោជកគ្មានឆន្ទៈ ក្នុងការដំឡើងប្រាក់ខែជូនកម្មករ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសមួយ ដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ១៩៤ដុល្លារ ទោះបីជាកម្ពុជារងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ