គ.ស.ច.គ ៖ ផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី២ ជាផែនទីបង្ហាញផ្លូវដើម្បីទប់ស្កាត់ និងកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា ផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី២ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ លើកិច្ចការទប់ស្កាត់ និងកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ តាមគោលដៅដែលបានកំណត់។
លោកស្រី មឹន មាណវី លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ស.ច.គ) នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកស្រី មឹន មាណវី បានបញ្ជាក់ថា ផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់២០៣០ គឺជាផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ ដល់២០២១ ដែលបានអនុវត្តរួច។
លោកស្រី បន្ដថា ផែនការជាតិទស្សវត្សរ៍នេះក៏ជាឧបករណ៍ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលនយោបាយ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។
លើសពីនេះ លោកស្រី អគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានលើកឡើងថា ផែនការនេះក៏បានសម្របសម្រួលទៅតាមផែនការសកម្មភាពសកល របស់អង្គការសហប្រជាជាតិ ដែលផ្អែកតាមច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក និងស្របទៅនឹងការវិវឌ្ឍន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ និងពិសេសវិស័យដែលពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក ដូចជា៖ អត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗនៃវិធានការរឹតបន្ដឹងអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា៕