សម្ដេចក្រឡាហោម ស ខេង លើកឡើងអំពីការពន្លឿនបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក ជំនួសធនធានមនុស្សពីក្រៅ ដើម្បីកាត់បន្ថយការបារម្ភរបស់វិនិយោគិន
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីការពន្លឿនការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក ជំនួសធនធានមនុស្សពីក្រៅ ដើម្បីកាត់បន្ថយការបារម្ភរបស់វិនិយោគិនពីក្រៅ ដែលគេមានការព្រួយបារម្ភអំពីបញ្ហាធនធានមនុស្សនៅមានកម្រិត ជាពិសេសនៅពេលដែលកម្ពុជា កំពុងគិតគូរអំពីបញ្ហាឆ្លើយតបនៃចរន្តសេដ្ឋកិច្ចឌីជីថល នាពេលបច្ចុប្បន្ន និងពេលអនាគត។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធីបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ជាមួយគ្នានេះផងដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានកសាងសាលារៀនជាច្រើនដែលបង្ខិតឲ្យទៅជិតកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹង រវាងជនបទ និងទីក្រុង។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាសមត្ថភាពធនធានមនុស្សខាងផ្នែកបំណិន នាសតវត្សទី២១ ជាពិសេសផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍គឺជាកត្តាជំរុញឧត្តមភាពការប្រកួតប្រជែងរបស់ប្រទេសជាតិ៕EB