សម្ដេចក្រឡាហោម ស ខេង អញ្ជេីញចូលរួមជូនដំណេីរ សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកក ប្រទេសថៃ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមជូនដំណេីរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ ។
ដំណើរបេសកកម្មការងារក្រៅប្រទេសពេលនេះ សម្តេចតេជោ ហ៊ុន សែន នឹងចំណាយពេលក្រៅប្រទេសប្រមាណជា ៤ថ្ងៃទៀត រហូតដល់យប់ថ្ងៃទី១៨ ខែវិច្ឆិកា ទើបសម្តេចអញ្ជើញត្រឡប់មកវិញ។
យោងតាមក្រសួងការបរទេស បានឱ្យដឹងថា អមដំណើរសម្តេចតេជោ ចូលរួមកិច្ចប្រជុំអន្តរជាតិសំខាន់ទាំង២នេះ រួមមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត៕