ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់មន្ដ្រីនគរបាលចរាចរណ៍ ហាមដាច់ខាតប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ ទៅកាន់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ដល់កម្លាំងនគរបាលចរាចរណ៍ ត្រូវពង្រឹងរបៀបរបបធ្វើការ អាប្បកិរិយាល្អស័ក្តិសមជាកងកម្លាំងអនុវត្តច្បាប់, ពង្រឹងសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសចិញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះ, ពង្រឹងសមត្ថភាពមន្ដ្រីនគរបាលចរាចរណ៍ ដោយបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល, ហាមដាច់ខាតការប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋ។

លើសពីនេះ នាយឧត្តមសេនីយ៍ បានណែនាំដល់នាយកមន្ទីរប្រឆាំងគ្រឿងញៀនថ្មី និងកម្លាំងទាំងអស់ហាមដាច់ខាតបង្ក្រាបករណីគ្រឿងញៀនតូចតាច ពោលគឺត្រូវបង្ក្រាបបទល្មើសធំៗ ដោយសារតែយើងជាកម្លាំងរបស់មន្ទីរជាកម្លាំងថ្នាក់ជាតិ។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរដល់កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមកបានខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀន ទន្ទឹមនោះក៏ត្រូវរក្សាឲ្យបាននូវចំណុចល្អៗ ជៀសវាងនូវបាតុភាពអសកម្មផ្សេងៗដែលអាចកើតមាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ