កណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ដល់កងកម្លាំងនគរបាលជាតិ គឺជាការចាំបាច់ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ព្រោះថា សភាពការណ៍បច្ចុប្បន្នកំពុងមានការប្រែប្រួល។

នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ដល់កងកម្លាំងនគរបាលជាតិ គឺជាការចាំបាច់ ជាដាច់ខាត ហើយត្រូវធ្វើជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ហើយត្រូវចាត់ទុកការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ដល់មន្ដ្រីនគរបាល គឺជាការងារចាំបាច់ ជាដាច់ខាត ដោយមិនអាចខ្វះបាន»។

លើសពីនេះ សម្ដេចក្រឡាហោម បានឱ្យដឹងថា ស្ថានការណ៍នាពេលបច្ចុប្បន្ននេះ មានការផ្លាស់ប្ដូរ ដូចជា បទល្មើសបច្ចេកទេសជាដើម បើធ្វើមិនទាន់នោះទេ នឹងប៉ះពាល់ដល់សន្ដិសុខជាតិ ដូច្នេះចាំបាច់បំផុត ត្រូវបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ឱ្យបានជាប់ជាប្រចាំផងដែរ។ សម្ដេច បន្ដថា ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលនេះ ក្នុងគោលដៅកសាងពង្រឹងសមត្ថភាពដល់មន្ដ្រីនគរបាលគ្រប់រូប ឱ្យមានចំណេះដឹងគ្រប់គ្រាន់ ក្នុងពេញបំពេញតួនាទីភារៈកិច្ច ឱ្យទទួលបានជោគជ័យគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ដំណាក់កាលបច្ចេកវិទ្យានេះ ក្រសួងមហាផ្ទៃ ក៏ត្រូវធានា ដើម្បីគ្រប់គ្រងសភាពការណ៍ ទន្ទឹងនឹងនេះ កងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ត់ ដោយមានសីធម៌ល្អ គុណធម៌ល្អ ទើបប្រតិបត្តិការបំពេញការងារប្រកបដោយវីជ្ជាជីវៈផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ