សហព័ន្ធស្រូវអង្ករ អំពាវនាវទៅដល់ កសិករ ត្រូវបង្កើនប្រសិទ្ធភាពក្នុងការដាំដុះ ដើម្បីទទួលបានបរិមាណ និងគុណភាពខ្ពស់សម្រាប់នាំចេញ
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវទៅដល់ ប្រជាកសិករដែលដាំដុះដំណាំស្រូវ សម្រាប់នាំចេញទៅក្រៅប្រទេស ត្រូវបង្កើនប្រសិទ្ធភាពក្នុងការដាំដុះ ដើម្បីទទួលបានបរិមាណ និងគុណភាពខ្ពស់ ស្របតាមស្តង់ដារក្នុងការនាំចេញ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា វិស័យស្រូវអង្ករកម្ពុជា ពុំមានការបាត់បង់ចំពោះការនាំចេញនោះឡើយ ពោលគឺការនាំចេញអង្កររបស់កម្ពុជា នៅតែបន្ត កើនឡើងជាបន្តបន្ទាប់។
លោកបានបញ្ជាក់ថា ដើម្បីឲ្យការនាំចេញកាន់តែមានការកើនឡើងបន្ថែមទៀតនោះ គឺប្រជាកសិករ ត្រូវអនុវត្តតាមបច្ចេកទេសដាំដុះឱ្យបានត្រឹមត្រូវតាមគោលការណ៍នៃកិច្ចសន្យា ខណៈអ្នកបញ្ជាទិញ គឺគេឱ្យតម្លៃទៅតាម គុណភាពស្រូវ។ លោកថា ស្រូវមានគុណភាព ទើបអាចធានាដល់ការនាំចេញ ទៅក្រៅប្រទេសបាន និងសម្រចបាន ការនាំចេញ១លានតោនត្រឹមឆ្នាំ២០២១-២០២២។
សូមបញ្ជាក់ថា យោងតាមរបាយកាណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្ករ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ មានចំនួន ៥៣៦,០៣៥ តោន (៥សែន៣ម៉ឺន៦ពាន់៣៥តោន) ដែលមានការកើនឡើង១៧,១១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ជាមួយគ្នានេះ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករទៅក្រៅប្រទេស ចំនួនជាង៣៦៦លាន ដុល្លារ កើនឡើងជិត៤៧លានដុល្លារ ស្មើនឹង១៥ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩៕EB