កម្ពុជា-ឡាវ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្របខណ្ឌទ្វេភាគី ដើម្បីនាំមកនូវ សន្តិភាព និងការអភិវឌ្ឍន៍
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កម្ពុជា -ឡាវ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ផលប្រយោជន៍ទៅវិញ ទៅមក នៃប្រជាជាតិទាំងពីរ។យោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ។
ក្នុងពិធីប្រគល់-ទទួលអំណោយ សំម្ភារបិរក្ខាវេជ្ជសាស្ដ្រពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅប្រទេសឡាវ សម្តេច ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជា និងឡាវ មានចំណងមិត្តភាព ដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។
សម្ដេច មានប្រសាសន៍ថា "ប្រជាជនយើងទាំងពីរបានកៀកស្មាគ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពជាតិ សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងៗខ្លួន។បច្ចុប្បន្ន កម្ពុជា និងឡាវក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅ វិញទៅមកនៃប្រជាជាតិយើងទាំងពីរ"។
ជាងនេះទៅទៀ ត សម្ដេច ទៀ បាញ់ បានជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការវាងប្រជាជាតិទាំងពីរ នឹងកាន់តែមានភាពស៊ីជម្រៅ រីកចម្រើនរឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមជានិរន្តរ៍ ដល់ប្រជាជនទាំងពីរ ដែលនឹងរួមចំណែកផងដែរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ឆ្លៀតឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានលេីកឡេីងថា ការចូលរួមវិភាគទានថ្ងៃនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនា និងសាមគ្គីភាព របស់ប្រជាជនកម្ពុជាជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈដែលពិភពលោក ទាំងមូលកំពុងជួបនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ៕EB