លោក ចាន់ យ៉េត សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែង លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើ ទេសរដ្ឋមន្រ្តី។
តាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា ព្រះរាជក្រឹត្យបញ្ចប់តំណែង លោក ចាន់ យ៉េត បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ចាន់ យ៉េត នាពេលកន្លងទៅ បានពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងទំនាស់ដីធ្លី នៅតំបន់បឹងជង្រុក និង៦៧១ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក ចាន់ យ៉េត បានប្រកាសថា ខ្លួន និងសហការី ឈប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនៅតំបន់បឹងជង្រុក និង៦៧១ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យទៀតហើយ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ តទៅ។
លោក ចាន់ យ៉ត បានសន្យាថា ប្រសិនបើទៅថ្ងៃក្រោយរូបលោក និងសហការី ព្រមទាំងក្រុមការងារគណបក្សនគរប្រជាធិបតេយ្យ នៅតែមានការពាក់ព័ន្ធក្នុងកិច្ចការងារនៅមូលដ្ឋានបឹងជង្រុក និង៦៧១ ទៀតនោះ រូបលោក និងសហការី ព្រមទាំងក្រុមការងារទាំងអស់គ្នា នឹងទទួលខុសត្រូវចំពោះមុខច្បាប់។
យ៉ាងណាក៏ដោយ បើតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ក្រោយពេលប្រកាសនេះ លោក ចាន់ យ៉េត មិនបានឈប់ពាក់ព័ន្ធនឹងករណីដីធ្លីខាងលើនោះទេ ដោយលោកនៅតែឈរនៅពីក្រោយករណីនេះដដែល៕EB