ភ្នំពេញ ៖ ក្រោយពីបុរសម្នាក់ធ្លាក់ពីលើអាគារនៅជាន់ទី៥ ក្នុងសណ្ឋាគារឡុង លីវ ក្នុងពេលកំពុងធ្វើចត្តាឡីស័កនោះ ត្រូវបានលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បកស្រាយថា មកពីមានបញ្ហាផ្ទាល់ខ្លួនទេ មិនមែនមកពីការធ្វើចត្តាឡីស័ករកមេរោគកូវីដឡើយ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងគ្រុបតេឡេក្រាមនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោកស្រីអ្នកនាំពាក្យថ្លែងថា ករណីបុរសធ្វេីចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតពីជាន់ទី៥មក នៅថ្ងៃ១០ ធ្នូ ហេីយកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺគាត់ភ្លាត់ជេីងធ្លាក់មក ដោយសារ ភាពរវេីយរវាយដែលជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន ។

លោកស្រីបន្តថា ម្យ៉ាងទៀតបុរសរូបនេះក៏មានការ ពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដោយ ពាក់ព័ន្ធនឹងគ្រឿងញៀននេះ ។

បើតាមលោកស្រី ឱ វណ្ណឌីន ការធ្វេីតេស្តទឹកនោមគាត់ គឺឃេីញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ គាត់មាន លទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវ ឲ្យធ្វេីចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃ២ ធ្នូ មកម្ល៉េះ។

លោកស្រីបញ្ជាក់ថា “ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡេីយ”។

បច្ចប្បន្នបុគ្គលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយបានដឹងខ្លួន និងនិយាយបាន ខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ