តុលាការកំពូលមីយ៉ាន់ម៉ា នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ លោកស្រី អ៊ុងសាន ស៊ូជី នៅសប្តាហ៍នេះ
មីយ៉ាន់ម៉ា៖ តុលាការកំពូលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធានឹងបើកសវនាការលើបណ្តឹងសាទុក្ខមួយនៅសប្តាហ៍នេះ លើអតីតមេដឹកនាំប្រទេស លោកស្រី អ៊ុនសាន ស៊ូជី ប្រឆាំងនឹងការផ្តន្ទាទោសចំនួនពីររបស់លោកស្រី នេះបើយោងតាមប្រភពដែលដឹងអំពីករណីនេះបាននិយាយកាលពីថ្ងៃចន្ទ ខណៈដែលម្ចាស់ជ័យលាភីណូបែល ខំព្យាយាមកាត់បន្ថយការជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំ របស់លោកស្រី។
ស្ត្រីអាយុ ៧៨ ឆ្នាំ រូបនេះត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើនពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់រាប់បញ្ចូលអំពើពុករលួយជាច្រើនចាប់តាំងពីយោធាបានចាប់ខ្លួនលោកស្រីក្នុងអំឡុងពេលរដ្ឋប្រហារ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតរបស់គាត់។
សម្ព័ន្ធមិត្តរបស់ លោកស្រី ស៊ូជី និងរដ្ឋាភិបាលលោកខាងលិចបានថ្កោលទោសការជាប់ឃុំឃាំងលោកស្រីថា ជាការលេងសើចរបស់របបយោធា ដើម្បីទប់ស្កាត់ការវិលត្រលប់មកវិញដោយមេដឹកនាំដ៏ពេញនិយមនៃការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍។
ជាក់ស្តែង តុលាការកំពូលបានប្រកាសថា ខ្លួននឹងបើកសវនាការលើបណ្តឹងសាទុក្ខនៅថ្ងៃពុធ ប្រឆាំងនឹងការកាត់ទោសលោកស្រី ស៊ូជី ពីបទរំលោភលើទង្វើសម្ងាត់ផ្លូវការ និងសម្រាប់ការលួចបន្លំការបោះឆ្នោត។ ប្រភពដែលបានសូមបដិសេធមិនបញ្ជាក់អត្តសញ្ញាណ ដោយសារកត្តាសុវត្ថិភាពជុំវិញករណីរបស់លោកស្រីបានបន្ថែមថា ការសម្រេចចិត្តអាចចំណាយពេលរហូតដល់ពីរខែ។
យ៉ាងណាម៉ិញ អ្នកនាំពាក្យរបបយោធាមិនអាចទាក់ទងភ្លាមៗដើម្បីសុំការបញ្ជាក់បានទេ។
ជាមួយគ្នានេះ យោធាទទូចថា ជនជាប់ចោទត្រូវបានទទួលនូវដំណើរការត្រឹមត្រូវដោយតុលាការឯករាជ្យ ប្រឆាំងនឹងការរិះគន់ពីក្រុមសិទ្ធិមនុស្សជុំវិញការចាប់ដាក់គុកសមាជិកជាច្រើននៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងការកាត់ក្តីសម្ងាត់ និងការបន្តការប្រហារជីវិតបន្ទាប់ពីការផ្អាកអស់ជាច្រើនទសវត្សរ៍។
ប្រទេសមីយ៉ាន់ម៉ាត្រូវបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីយោធាបានដណ្តើមអំណាចដោយហេតុផលនៃភាពមិនប្រក្រតីដែលមិនអាចដោះស្រាយបាននៅក្នុងការបោះឆ្នោត ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (ហៅកាត់ NLD) របស់ លោកស្រី ស៊ូជី បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។
NLD បានបដិសេធការក្លែងបន្លំ ហើយចាប់តាំងពីពេលនោះមកត្រូវបានរំលាយរួមជាមួយគណបក្សចំនួន ៣៩ ផ្សេងទៀត សម្រាប់ការខកខានក្នុងការចុះឈ្មោះបោះឆ្នោតដោយមិនទាន់កំណត់កាលបរិច្ឆេទ។
ជាងនេះទៀតសោដ ក្រុមសកម្មជនបានជំរុញឱ្យរបបយោធាមិនរៀបចំការបោះឆ្នោតដោយព្រមានថា ព្រោះវាអាចឃើញការកើនឡើងនៃអំពើហិង្សាបង្ហូរឈាមរវាងយោធា និងចលនាតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ៕ NR