ប្តីប្រពន្ធជនជាតិអាមេរិកអាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ធ្វើការជួញដូរ និងការធ្វើទារុណកម្មទៅលើកូនប្រុសចិញ្ចឹម
អាមេរិក៖ប្តីប្រពន្ធជនជាតិអាមេរិកមួយគូ អាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីរដ្ឋអាជ្ញា អ៊ូហ្គង់ដា បានចោទប្រកាន់ពួកគេក្នុងការជួញដូរកុមារ និងការធ្វើទារុណកម្មទៅលើកូនប្រុសចិញ្ចឹមជនជាតិ អ៊ូហ្គង់ដា កាលពីថ្ងៃពុធកន្លងទៅនេះ។
Nicholas Spencer និងប្រពន្ធរបស់គាត់ Mackenzie Leigh Mathias Spencer មានអាយុ ៣២ឆ្នាំ ដូចគ្នា ត្រូវបានអាជ្ញាធរនៃប្រទេសអ៊ូហ្គង់ដា ចាប់ឃុំខ្លួន កាលពីថ្ងៃទី៩ ខែធ្នូ ក្រោមការចោទប្រកាន់ពីបទប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើកូនប្រុសចិញ្ចឹម អាយុ ១០ឆ្នាំ របស់ពួកគេបង្ខំឱ្យដោះសម្លៀកបំពាក់ចេញ រួចដាក់ក្នុងបន្ទប់ត្រជាក់តូចមួយ។ ទង្វើនេះត្រូវបានប្រព្រឹត្តជារៀងរាល់ថ្ងៃចាប់តាំងពីពួកគេទទួលចិញ្ចឹមក្មេងពីមណ្ឌលថែរក្សាក្នុងប្រទេសចាប់តាំងពីឆ្នាំ ២០២០មកម្ល៉េះ។
យោងតាមឯកសាររបស់តុលាការ បានឱ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងក្រោយពេលមានការជូនដំណឹងពីបុគ្គលិកបម្រើការងារនៅក្នុងផ្ទះរបស់ពួកគេនៅឯរដ្ឋធានី Kampala និងបានរកឃើញវីដេអូជាច្រើននៅក្នុងកាមេរ៉ាសុវត្ថិភាព CCTV បង្ហាញពីការធ្វើទារុណកម្មទៅលើកូនចិញ្ចឹមខ្លួន។
ក្រុមអ្នកស៊ើបអង្កេតប្រទេស បានឱ្យដឹងថា នៅក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញប្តីប្រពន្ធមួយគូនេះបង្ខំឱ្យជនរងគ្រោះដើរជើងទទេដោះខោអាវចេញ និងអង្គុយក្នុងឥរិយាបថច្រងេងច្រងាង រួចបែរមុខទៅរកជញ្ជាំងដៃលាតចេញ បង្ខំឱ្យអង្គុយនៅលើដើមឈើផ្ទះរបស់ពួកគេពេញមួយយប់ ដោយមិនមានពូកសម្រាប់ឱ្យគេង និងញាំបានតែអាហារនៅក្នុងទូទឹកកកប៉ុណ្ណោះ។ ក្រុមស៊ើបអង្កេត បានបន្ថែមទៀតថា ជនរងគ្រោះអាចទទួលរងនូវការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរជាងនេះទៀត នៅពីក្រោយកាមេរ៉ាសុវត្ថិភាពដែលត្រូវបានរកឃើញ។
អ្នកនាំពាក្យប៉ូលិសនៃរដ្ឋធានី Kampala លោក Patrick Onyango បានអះអាងថា ប្តីប្រពន្ធនេះបានប្រើកូនចិញ្ចឹម ដើម្បីទារប្រាក់ពីម្ចាស់ជំនួយ។
មេធាវីកាពារក្តីឱ្យប្តីប្រពន្ធមួយគូនេះ ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណ ត្រូវបានដកស្រង់ដោយកាសែត Ugandan the Monitor បានច្រានចោលការចោទប្រកាន់នេះ ដោយបានលើកឡើងថា អាជ្ញាធរ មិនមានភ័ស្តុតាងទេ។ ចំណែកការចោទប្រកាន់ថ្មីនោះក៏មិនសមហេតុផលដែរ៕SP