ព្រៃវែង ៖ លោក ខៀវ សុគ័ក សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក បានបញ្ជាក់ថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមិនមានអ្នកស្លាប់ដោ សារចំនួនកូវីដ-១៩ឡើយ ខណៈប្រទេសជឿនលឿនមានអ្នកស្លាប់យ៉ាងច្រើន។

លោក ខៀវ សុគ័ក បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២០ និងទិសដៅអនុវត្ត ឆ្នាំ២០២១ និងប្រកាសសេចក្ដីសម្រេច ស្ដីពីការតែងតាំងកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា  ស្រុកកំពង់ត្របែក នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ត្របែក។

លោកបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាកូវីដ-១៩នេះ គឺយើងបានដឹងលឺទាំងអស់គ្នាថា កម្ពុជាយើងនេះជាប្រទេសមួយ ដែលមិនទាន់មានអ្នកណាស្លាប់ដោយសារកូវីដ-១៩នឹងទេ។ថ្វីត្បិតតែប្រទេសយើង គេចោទប្រកាន់ជាប្រទេសប្រព័ន្ធ សុខាភិបាលខ្សោយ បើប្រៀបធៀបបណ្ដាប្រទេសខ្លះ គឺមានប្រព័ន្ធសុខាភិបាលជឿនលឿន គឺស្លាប់ច្រើនមែនទែន»។

លោកបន្ដថា បើតាមព័ត៌មានចុះផ្សាយ នាពេលកន្លងទៅនេះ កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣ នៅលើពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។ លោកថា ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខ្មែរមានពេញចិត្តចំពោះការដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ជំងឺកូវីដ-១៩។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារការចម្លងវីរុសកូវីដ-១៩ ដើម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសាររបស់ខ្លួន មិនឲ្យមានការចម្លងនៅក្នុងសហគមន៍។

ឆ្លៀតឱកាសនោះ លោក ខៀវ សុគ័ក ក៏បានអំពាវនាវដល់យុវជនទាំងអស់ ឲ្យខិតខំរៀនសូត្រ ប្រែក្លាយខ្លួនទៅជាយុវជនល្អ សិស្សល្អ កូនល្អ  ជៀសឆ្ងាយពីគ្រឿងញៀន ប្រសិនបើក្មួយៗយុវជនមិនខិតខំចៀសឲ្យឆ្ងាយពីគ្រឿងញៀនទេនោះ វានឹងនាំគ្រោះថ្នាក់ដល់ក្មួយៗផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិរនៅថ្ងៃអនាគត ហើយ ត្រូវខិតខំនាំគ្នាលប់បំបាត់គ្រឿងញៀនឲ្យអស់ពីសង្គមជាតិ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានរកឃើញអ្នកឆ្លងសរុប៣០៥នាក់  ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន ២៩៥នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យ ចំនួន១០នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ