សម្តេច ហេង សំរិន ជំរុញឲ្យអាជ្ញាធរបង្កបរិយាកាសដល់ពលរដ្ឋ ប្រកបរបរចិញ្ចឹមជីវិតពិសេស ការពង្រីកមុខរបរកសិកម្ម
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរ មន្រ្តីរាជការទំាងអស់ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។យោងគេហទំព័រហ្វេសប៊ុក រដ្ឋសភា។
ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រុក នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅស្រុកពញាក្រែក សម្តេច ហេង សំរិន ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន លើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជា ការងារអត្រានុកូលដ្ឋាន និងបន្តអនុវត្តឱ្យបានល្អនូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ។ ជាពិសេសការចូលរួមអនុវត្តនិងផ្សព្វផ្សាយ វិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់។
សម្តេច មានប្រសាសន៍ថា «ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ទំាងសេដ្ឋកិច្ចនិងសង្គមដល់មនុស្សជាតិ និងបានធ្វើឲ្យពិភពលោក និងកម្ពុជាប្រឈមជាមួយរបត់ថ្មី។ តែទោះបីកម្ពុជាបានជួបបញ្ហាប្រឈមជាច្រើន បណ្តាលពីជំងឺនេះក្តី រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងនិងដោះស្រាយវិបត្តិនេះ បានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ»។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មករបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។
សម្តេចគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ មិនតិចជាង ៥៧ម៉ឺនគ្រួសារទេ បានទទួលបានប្រាក់ឧត្ថម្ភពីរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលបានលបញ្ចេញថវិកាប្រមាណជាង ៥០លានដុលា្លរ ហើយរាជរដ្ឋាភិបាល កំពុងបន្តស្រាវជ្រាវកំណត់រកគ្រួសារក្រីក្របន្តទៀត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះឡើយ៕EB