ភ្នំពេញ៖ ក្នុងឱកាសចូលជួប សម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជា ទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន។
ក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ទីម័រខាងកើតសម្បូរ ដោយធនធានធម្មជាតិ ដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមកពីឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។
លោកថា «ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើតក្នុងពេលអនាគត»។
ជាការឆ្លើយតប សម្តេច ហេង សំរិន ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្តកិច្ចសហប្រតិបត្តិការឲ្យខ្លាំងក្លាថែមទៀតលើវិស័យទេសចរណ៍ កសិកម្ម និងធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង៕EB