ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណ: នៅរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ ពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

យោងតាមការចេញផ្សាយដោយដកស្រង់ប្រភពពីលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ បានឲ្យដឹងថា លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានតំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរ័ត្ន ចោទប្រកាន់ ចំនួន៣បទល្មើស រួមមាន បទបំផ្លាញដោយចេតនា បទគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។ ចំណែក ឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ចំនួន ២បទល្មើស រួមមានបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត។

សូមបញ្ជាក់ថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឱ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំមកកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ដោយឡែក លោកឧកញ៉ា សង ថន ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ក៏បាននាំខ្លួន មកសាកសួរកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះដែរ។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបន្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ានេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ