ចិន ប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសតាមដងទន្លេមេគង្គ នៅពេលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ ៖ លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង បានអះអាងថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ (COVID-19) នឹងត្រូវផ្តល់ដល់ប្រទេសមេគង្គជាអាទិភាព នៅពេលវ៉ាក់សាំងនេះ ត្រូវបានអភិវឌ្ឍរួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោកនាយករដ្ឋមន្ត្រីចិន ប្រកាសបែបនេះក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលេីកទី៣ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងនៅព្រឹកថ្ងៃនេះ មេដឹកនាំប្រទេសតាមដងទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា សុទ្ធតែលើកឡើងពីផលលំបាកដល់សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមបង្កឡើងដោយមេរោគកូវីដ១៩ ដែលទាមទារឱ្យមានការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគសកលមួយនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់នៅចំពោះមេដឹកនាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនោះថា ទាមទារឱ្យមានសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសសមាជិកមេគង្គ-ឡានឆាងទាំង៦ ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈប្រទេសជាសមាជិក។ ជាពិសេស មិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់។
ឆ្លើយតបនឹងកង្វល់ទាំងនេះ លោក លី ខឺឈាង បានថ្លែងថា ប្រទេសចិន នឹងបង្កើតជំនួយពិសេសមួយ ដើម្បីលើកស្ទួយវិស័យសុខភាពសាធារណៈ ស្ថិតក្រោមយន្តការជំនួយពិសេសរបស់មេគង្គ-ឡានឆាង ហើយចិននឹងបន្តផ្តល់ជំនួយផ្នែកបរិក្ខា និងបច្ចេកទេសដល់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល។
លោកនាយករដ្ឋមន្ត្រីចិន បានប្រកាសអំពីការភាពចាំបាច់នៃការរួបរួមសាមគ្គី និងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ហើយចិនមានឆន្ទៈក្នុងការធ្វើកិច្ចការងារនេះ ជាមួយបណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីបន្តជួយគាំទ្រដល់អង្គការសុខភាពពិភពលោក (WHO)៕EB